ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ខួបទី៤៦នៃទិវាជ័យជំនះ ៧មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិតឡើងវិញពីជ្រោះមរណៈនៃរបបបនប្រល័យពូជសាសន៍ ប៉ុល ពត
ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥
រដ្ឋបាលខេត្តកំពង់ស្ពឺ៖ អបអរសាទរខួបអនុស្សាវរីយ៍ជ័យជម្នះលើកទី ៤៦ (៧ មករា ១៩៧៩-២០២៥) នៅរង្វង់មូលវិមានឯករាជ្យ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ជ័យជម្នះលើកទី ៤៦ (៧ មករា ១៩៧៩-២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអានសន្ទរកថារបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់បងប្អូនជាមន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង ៤៥០០ នាក់។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានលើកឡើងថា ខួបទី៤៦នៃទិវាជ័យជំនះ ៧មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិតឡើងវិញពីជ្រោះមរណៈនៃរបបបនប្រល័យពូជសាសន៍ ប៉ុល ពត។ការលើកឡើងដូច្នេះក្នុងពិធីអបអរសាទរខួបទី៤៦នៃទិវាជ័យជំនះ៧មករាឆ្នាំ១៩៧៩ -៧ មករា ឆ្នាំ២០២៥នៅវិមានឯករាជ្យខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរឭកអំពីគុណបំណាច់នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩ ខណៈថ្ងៃនេះត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចងចាំមិនអាចបំភ្លេចបាន ហើយថែមទាំងប្រសិទ្ធនាមថាជាថ្ងៃកំណើតទី២របស់ពួកគាត់ដែលបានរួចផុតពីរបបដ៏ខ្មៅងងឹតរបស់ខ្មែរក្រហម៕